(វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានប្រកាសថា វិបត្តិការងារនៅអាមេរិក គឺមិនទាន់ឆ្លងផុតដំណាក់កាលអាក្រក់បំផុត​នៅឡើយទេ បន្ទាប់ពីរបាយការណ៍បានបង្ហាញនាពេលថ្មីៗនេះថា ជំងឺរាតត្បាត COVID-19 បានបំផ្លាញការងារដល់ទៅ ២០.៥លានកន្លែងក្នុងសហរដ្ឋអាមេរិក តែក្នុងខែមេសាមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

ក្នុងការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC លោក នីល ខាសការី (Neel Kashkari) ប្រធានសាខាធនាគារកណ្តាលអាមេរិកប្រចាំនៅ ទីក្រុង មីននៀផូលីស (Minneapolis) នៃរដ្ឋ មីននែសូតា (Minnesota) បានលើកឡើងយ៉ាងដូច្នេះថា «លទ្ធផលអាក្រក់បំផុត​សម្រាប់វិស័យការងារនៅអាមេរិក​គឺពុំទាន់មកដល់នៅឡើយទេ ជាពិសេសស្របពេលដែលបណ្តារដ្ឋជាច្រើន ចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បើទោះបីជាវីរុសកំពុងបន្តឆ្លងរាលដាលក៏ដោយ»

លោក Kashkari បានបន្តថា បណ្តារដ្ឋនៅអាមេរិកអាចនឹងត្រូវ​បង្ខំឲ្យផ្អាកសកម្មភាពសេដ្ឋកិច្ចជាថ្មីម្តងទៀត ប្រសិនបើវីរុសនៅបន្តឆ្លងរាលដាលខ្លាំង។ និយាយរួមបើតាមលោក Kashkari ដើម្បីអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបាន គឺយើងត្រូវដោះស្រាយបញ្ហា វីរុសឲ្យបានជាមុនសិន។

ក្នុងថ្ងៃដដែលរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) ក៏បានលើកឡើងដែរថា ចំនួនអ្នកគ្មានការងារធ្វើនៅអាមេរិក ប្រហែលជានឹងអាក្រក់ជាងបច្ចុប្បន្នទៅទៀត មុនពេលវាអាចងើបឡើងវិញ ដោយលោកទទួលស្គាល់ថា អត្រាអ្នកគ្មានការងារធ្វើប្រហែលជាបានកើនដល់ ២៥ភាគរយបាត់ទៅហើយនាពេលនេះ៕