(វ៉ាស៊ីនតោន)៖ សមាជិក៣រូប មកពីអង្គភាពពិសេសប្រឆាំង COVID-19 របស់សេតវិមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅ «ដាច់ដោយឡែកពីគេ ឬចត្តាឡីស័ក » បន្ទាប់ពីបានប៉ះពាល់ជាមួយមនុស្សម្នាក់ ដែលត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
លោក Anthony Fauci ជានាយកវិទ្យាស្ថានជាតិអាលែកហ្ស៊ី និងជំងឺឆ្លង, លោកវេជ្ជបណ្ឌិត Robert Redfield ជានាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) រួមទាំងស្នងការនៃទីភ្នាក់ងារចំណីអាហារ និងឱសថ លោក Stephen Hahn សុទ្ធតែកំពុងអនុវត្តវិធានការចត្តាឡីស័ក និងធ្វើការពីផ្ទះរយៈពេល១៤ថ្ងៃ។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើមនុស្សម្នាក់ជាបុគ្គលិកសេតវិមានឆ្លង COVID-19 ដែលមន្ត្រីសំខាន់ទាំងបីរូបបានប៉ះពាល់ជានរណាឱ្យបា្រកដនោះទេ ដោយគ្រាន់តែគេដឹងថាស្ថានភាពសុខភាពរបស់ពួកគាត់ ស្ថិតនៅក្នុងភាពប្រក្រតី មិនមានអ្វីធ្ងន់ធ្ងរឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ជំនួយការប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) ត្រូវបានគេរាយការណ៍ ថាបានឆ្លងជំងឺ COVID-19។ ប៉ុន្តែលោក ត្រាំ និងលោក ភែន ធ្វើតេស្តអវិជ្ជមាន ខណៈជំនួយការផ្ទាល់របស់កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ានកា ត្រាំ (Ivanka Trump) ក៏ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 ផងដែរ៕