(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨៧៦ករណីបន្ថែមទៀត ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២៣,៣៣៦ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៣ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ប៉ុន្តែ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យនេះ។
គួរជម្រាបថា បើគិតត្រឹមម៉ោង៣៖០០នាទីរសៀលថ្ងៃអាទិត្យនេះ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២៣,៣៣៦ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ២,២៩៦នាក់បានជាសះស្បើយឡើងវិញ។ សិង្ហបុរីនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំ ១០ ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងកម្រិតទាប៕