(គូឡាឡាំពួរ)៖ វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) នឹងត្រូវបានអូសបន្លាយពេលអនុវត្តរយៈពេល ៤សប្ដាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី០៩ ខែមិថុនា ដែលនេះគឺជាការអូសបន្លាយពេលលើកទី៤ ចាប់តាំងពីវិធានការនេះ ត្រូវប្រកាសដាក់ចេញកាលពីថ្ងៃទី១៨ ខែមីនាមក។ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាពិសេសមួយ នៅថ្ងៃអាទិត្យនេះ លោក Muhyiddin បានលើកឡើងថា បើទោះជាវិធានការ MCO ឬគេស្គាល់ថាជាវិធានការបិទប្រទេសមួយផ្នែក នៃរដ្ឋាភិបាលរបស់លោក បានបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រែងមិនទាន់ទទួលបានជោគជ័យទាំងស្រុង នៅឡើយទេ។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «ផ្អែកលើមតិសាធារណៈ ខ្ញុំមើលឃើញថាប្រជាជនចង់ឱ្យរដ្ឋាភិបាល បន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីប្រយុទ្ធប្រឆាំង COVID-19។ មួយវិញទៀត ដោយផ្អែកលើការប្រឹក្សាពីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាសន្តិសុខជាតិ ខ្ញុំសូម ប្រកាសថាវិធានការ MCO ដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី១២ ខែឧសភានេះ នឹងត្រូវអូសបន្លាយពេលដល់ថ្ងៃទី០៩ ខែមិថុនា»។
គួរបញ្ជាក់ថា វិធានការគ្រប់គ្រងសកម្មភាពប្រជាជនរបស់ម៉ាឡេស៊ី (MCO) ដែលចូលជាធរមានកាលពីថ្ងៃទី១៨ ខែមីនាមក បានឆ្លងកាត់ការអូសបន្លាយពេល៣ដង រួចមកហើយ។ ស្ថិតនៅក្រោមវិធានការបិទប្រទេសមួយផ្នែកនេះ ពាណិជ្ជកម្ម ឬអាជីវកម្មមិនសូវសំខាន់ និងសាលារៀន ត្រូវបានបិទទ្វារ ខណៈជើងហោះហើរក្នុងស្រុក និងអន្តរជាតិត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ៦,៥៨៩នាក់ ក្នុងនោះស្លាប់ ១០៨នាក់ និង៧៥នាក់នៃឆ្លង ជំងឺមួយនេះបានជាសះស្បើយឡើងវិញ៕