(អាហ្វ្រិក)៖ ប្រទេសអេត្យូពី បានទទួលស្គាល់ថាខ្លួន គឺជាអ្នកនៅពីក្រោយការបាញ់ទម្លាក់យន្ដហោះដឹកជំនួយមនុស្សធម៌មួយគ្រឿង របស់ប្រទេសកេនយ៉ា នៅក្នុងប្រទេសសូម៉ាលី កាលដើមសប្ដាហ៍កន្លងទៅ ដោយបណ្ដាលឱ្យមនុស្សទាំង៦នាក់ នៅលើយន្ដហោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្ញើជូនសហភាពអាហ្រ្វិក ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) កងទ័ពនៃប្រទេសអេត្យូពី បានឱ្យដឹងថាយន្ដហោះរបស់ កេនយ៉ា ត្រូវបានបាញ់ទម្លាក់ដោយកងទ័ពរបស់ខ្លួនដែលកំពុងឈរជើង នៅក្នុងទីក្រុង Bardale ស្ថិតភាគនិរតីប្រទេសសូម៉ាលី។ សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ទៀត ថាកងទ័ពអេត្យូពី មានការភ័ន្តច្រឡំថាយន្ដហោះខាងលើ គឺជាយន្ដហោះដែលប៉ុនប៉នដឹកនាំការវាយប្រហារអត្តឃាត ដោយសារតែមិនបានទទួលព័ត៌មាន ឬត្រូវបាន ជូនដំណឹងជាមុនពីការហោះហើរមិនប្រក្រតី ក្នុងរយៈកម្ពស់ដ៏ទាប របស់យន្ដហោះកេនយ៉ា។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរកេនយ៉ា យន្ដហោះដែលត្រូវបានកងទ័ពអេត្យូពីបាញ់ទម្លាក់ គឺជាយន្ដហោះដឹកជំនួយមនុស្សធម៌ និងបរិក្ខាពេទ្យ ដើម្បីផ្គត់ផ្គង់ដល់ប្រទេស សូម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។ យន្ដហោះនេះត្រូវបានបាញ់ទម្លាក់នៅក្នុងទីក្រុង Bardale ស្ថិតនៅចំងាយ៣០០គីឡូម៉ែត្រ ពីភាគពាយព្យរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។

បច្ចុប្បន្ន កងទ័ពមកពីប្រទេសអេត្យូពី និងកេនយ៉ា កំពុងឈរជើងនៅក្នុងប្រទេសសូម៉ាលី ក្រោមក្របខណ្ឌបេសកកម្មរក្សាសន្តិភាពនៃសហភាពអាហ្វ្រិក ដើម្បីប្រយុទ្ធ ប្រឆំាងនឹងក្រុមឧទ្ទាមប្រដាប់អាវុធ al-Shabab។ ម្យ៉ាងវិញទៀត ឧប្បដិហេតុនេះទៀតសោត កើតឡើងនៅចំពេលដែលទំនាក់ទំនងរវាងកេនយ៉ា និងសូម៉ាលី កំពុងជួបភាពតានតឹងនឹងគ្នាស្រាប់ ដោយសូម៉ាលី បានចោទប្រកាន់កេនយ៉ាថាបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕