(ប៉េកាំង)៖ គណៈកម្មាការជាតិសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ១៤ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយដែលនេះជាតួលេខអ្នកឆ្លងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក និងបើធៀបទៅនឹងកាលពីសុក្រមានតែ១ករណីប៉ុណ្ណោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
ក្នុងចំណោមករណីថ្មីខាងលើ មាន២ករណីជាករណីនាំចូលពីបរទេស ខណៈ១២ទៀត គឺជាករណីឆ្លងនៅក្នុងស្រុក ហើយក្នុងនោះមាន ១១ករណី ត្រូវបាន រកឃើញនៅខេត្ត Jilin ភាគឦសានៃប្រទេស។ បើតាមគណៈកម្មាការជាតិសុខាភិបាលចិន ករណីអ្នកឆ្លងមិនចេញរោគសញ្ញាចំនួន២០ ក៏ត្រូវបានរាយការណ៍ ផងដែរ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០១ ខែឧសភា មក និងបើធៀបទៅនឹង១៥ករណី កាលពីថ្ងៃសុក្រ។ ប៉ុន្តែ ទន្ទឹមគ្នា មិនមានករណីអ្នកស្លាប់ថ្មី នោះទេ។
គួរជម្រាបថា បើបូកតួលេខឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចិន កើនដល់ ៨២,៩០១នាក់ ក្នុងនោះស្លាប់ ៤,៦៣៣នាក់ និងជាសះស្បើយឡើងវិញ ៧៨,១២០នាក់៕