(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាត់ទុកថាវិធានការដោះស្រាយវិបត្តិ COVID-19 របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គឺជា «ភាពវឹកវរដ៏មហន្ដរាយ» ខណៈជំងឺឆ្លងរាតត្បាតសកលដ៏កាចសាហាវនេះ បានផ្ដាច់ជីវិតមនុស្សលើស ៨ម៉ឺននាក់ហើយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។
លោក អូបាម៉ា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបមួយតាមរយៈវីដេអូខុនហ្វេរិន កាលពីថ្ងៃសុក្រកន្លងនេះ ជាមួយអតីតមន្ត្រីនៃរដ្ឋបាលរបស់លោកជាង ៣,០០០នាក់ ហើយព័ត៌មាននេះត្រូវបានចេញផ្សាយមុនគេ ដោយ Yahoo News។ លោក អូបាម៉ា បានលើកឡើងដូច្នេះថា៖ «វាគឺជាភាពវឹកវរដ៏មហន្តរាយ... អ្វីដែលយើងកំពុងប្រយុទ្ធជាមួយ មិនមែនត្រឹមតែវីរុសនោះទេ តែយើងក៏កំពុងប្រយុទ្ធប្រឆាំងផងដែរនឹងភាពអាត្មានិយម,បក្ខពួក,ការបែកបាក់, និងការមើល ឃើញអ្នកដទៃជាសត្រូវ...ហើយទាំងនេះអាចជាហេតុផលមួយដែលធ្វើឱ្យការដោះស្រាយវិបត្តិសកល COVID-19 មានភាពទន់ខ្សោយ»។
បន្ថែមពីលើនេះ នៅក្នុងជំនួបតាមវីដេអូខុនហ្វេរិននោះ លោក អូបាម៉ា ក៏បានអំពាវាវផងដែរឱ្យអ្នកគាំទ្ររូបលោក ផ្ដល់ការគាំទ្រដល់បេក្ខជនប្រធានាធិបតី អាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលត្រូវបានគេរំពឹងខ្ពស់ថា នឹងក្លាយជាគូប្រជែងដណ្ដើមកៅអីប្រធានាធិបតីជាមួយ លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ១,៣៤៧,៣០៩នាក់ ក្នុងនោះស្លាប់ ៨០,០៣៧នាក់ និងជាសះស្បើយឡើងវិញ ២៣៨,០៧៨នាក់៕