(កូរ៉េខាងត្បូង)៖ រដ្ឋាភិបាលទីក្រុង Seoul របស់កូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះបានចេញបញ្ជាឲ្យទីតាំងកម្សាន្ត ដូចជា ក្លិប និងបារ ផ្អាកអាជីវកម្មភ្លាមៗ ដោយសារវាបណ្តុំនៃការឆ្លងវីរ៉ុស COVID-19 ដែលត្រូវបានគេរកឃើញ នៅក្នុងតំបន់វប្បធម៌ចម្រុះ Itaewon ដែលជាប់ក្បែរទីក្រុង Seoul, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៩ ខែឧសភានេះ។
អភិបាលទីក្រុង Seoul លោក Park Won-soon បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋបាលក្រុង បានចេញបញ្ជាភ្លាមៗ ដោយហាមឃាត់គ្រប់កន្លែងកម្សាន្តទាំងអស់ ដូចជា ក្លិប, បារ និងទីតាំងកែសម្ភស្ស ដែលជាទីតាំងមានមនុស្សប្រជុំគ្នាច្រើន។
លោក Park បានបញ្ជាក់ថា ភាគីដែលពាក់ព័ន្ធ ត្រូវតែបញ្ឈប់អាជីវកម្មភ្លាម បើមិនដូច្នោះទេ នឹងទទួលរងការពិន័យយ៉ាងតឹងរឹង។ ការចេញបញ្ជានេះ នឹងបន្តមានប្រសិទ្ធិភាព រហូតមានការជូនដំណឹងបន្ថែម។
ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាប់ពីបណ្តុំនៃការឆ្លងមួយ ត្រូវបានកើតឡើង ដោយឆ្លងពីអ្នកជំងឺម្នាក់ ដែលបានទៅកម្សាន្តនៅក្លិប និងបារ ដែលស្ថិតនៅតំបន់ Itaewon ក្នុងទីក្រុង Seoul កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងថ្មី១៨ករណីថែមទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់១០,៨៤០ករណី។ ចំនួនករណីឆ្លងប្រចាំថ្ងៃ ត្រូវបានគេបារម្ភថា នឹងមានការកើនឡើងឆាប់រហ័ស ក្នុងថ្ងៃខាងមុខ ដោយសារតែកន្លែងបណ្តុំឆ្លងវីរ៉ុស៕