(ញូដេលី)៖ អ្នកធ្វើការនៅក្រុមហ៊ុនឱសថម្នាក់ក្នុងប្រទេសឥណ្ឌា បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវបញ្ជូនទៅជួយសង្រ្គោះនៅឯ មន្ទីរពេទ្យ បន្ទាប់ពីពួកគេទាំងពីរនាក់បានផឹកសាកល្បងនូវរូបមន្តថ្នាំ ដែលពួកខ្លួនបានអភិវឌ្ឍឡើងដោយផ្ទាល់ដៃ ដើម្បីសំដៅ ព្យាបាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើង នៅពេលមនុស្សទាំងពីរនាក់នោះ កំពុងធ្វើតេស្តរូបមន្តថ្នាំរបស់ពួកគេ ដែលមានលាយឡំនូវ សារធាតុគីមី nitric oxide និង sodium nitrate នៅឯលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Chennai នៃរដ្ឋ Tamil Nadu ភាគខាង ត្បូងប្រទេសឥណ្ឌា។
ក្រោយផឹកសាកល្បងថ្នាំខុសបច្ចេកទេសនោះ ម្នាក់ឈ្មោះ K Sivanesan អាយុ៤៧ឆ្នាំ បានស្លាប់នៅហ្នឹងកន្លែងតែម្តង ខណៈម្នាក់ ទៀតឈ្មោះ Rajkumar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះពីការពុល។ បើតាមមេប៉ូលិសឥណ្ឌា ប្រចាំតំបន់កើតហេតុ ឈ្មោះ Sivanesan បានទិញសារធាតុគីមីនោះពីផ្សារ ហើយបង្កើតរូបមន្តថ្នាំដោយខ្លួនឯង បន្ទាប់ពីបានធ្វើ ការស្រាវជ្រាវនៅលើប្រព័ន្ធអ៉ីនធើណិត។
គួរជម្រាបថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ឬមួយក៏វ៉ាក់សាំងផ្លូវការ ដើម្បីប្រឆាំងនឹង COVID-19 នៅឡើយទេ។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា គឺមានអ្នកឆ្លងជំងឺនេះសរុបជិត៦០,០០០នាក់៕