(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីនៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៣៣នាក់បន្ថែមទៀតត្រូវបានរកឃើញ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ ក្នុងប្រទេសធំជាងគេប្រចាំតំបន់អាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ក៏បានប្រកាសឲ្យដឹងទៀតដែរថា អ្នកជំងឺធ្ងន់ធ្ងរ ១៦នាក់បន្ថែមទៀត បានបាត់បង់ជីវិតក្នុងពេលមួយថ្ងៃ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ COVID-19 កើនឡើងដល់ ៩៥៩នាក់។ ដោយឡែកសម្រាប់អ្នកជាសះស្បើយ ពីជំងឺរាតត្បាតសកលនេះវិញ ក៏បានកើនឡើងដល់ ២,៦០៧នាក់ផងដែរ ក្នុងចំណោមករណីឆ្លងសរុប ១៣,៦៤៥ករណី។
គួរបញ្ជាក់ថា ក្រោយដកការរឹតត្បិតមួយចំនួន ដើម្បីសម្រួលសេដ្ឋកិច្ចប្រទេសជាតិឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ីក៏មិនភ្លេចព្រមានផងដែរថា បើមិនមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លាជានិច្ចទេនោះ រលកទីពីរនៃការឆ្លង COVID-19 ក្នុងប្រទេសមួយនេះនឹងផ្ទុះឡើង៕