(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស បានបង្ហាញនូវការចងចាំ ចំពោះមនុស្សរាប់សិបលាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកលើកទីពីរ ដែលបានបញ្ចប់ទៅកាលពីឆ្នាំ១៩៤៥ ហើយគ្រប់គ្នាគួរតែសិក្សា អំពីមេរៀននេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
អគ្គលេខាធិការ UN បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងមិនត្រូវភ្លេចជាដាច់ខាត ចំពោះអំពើប្រល័យពូជសាសន៍ (Holocaust) និងឧក្រិដ្ឋកម្មសង្គ្រាមដ៏មហាប្រល័យផ្សេងទៀត ដែលត្រូវបានប្រព្រឹត្តដោយរបប ណាហ្ស៊ី-អាល្លឺម៉ង់ (Nazis ឆ្នាំ១៩៤១-១៩៤៥)។ ការយកឈ្នះលើរបបហ្វាស៊ីស និងធីរ៉េននីនៅខែឧសភា ឆ្នាំ១៩៤៥ គឺជាការបើកនូវទំព័រសករាជថ្មី»។
ការលើកឡើងរបស់លោក អាន់តូនីញ៉ូ ហ្គួទែរែស គឺត្រូវបានធ្វើឡើងក្នុងឱកាសរំលឹកខួបឆ្នាំទី ៧៥ ដែលអតីតរបបដឹកនាំអាល្លឺម៉ងព្រមចុះចាញ់ ហើយឈានទៅបិទបញ្ចប់សង្គ្រាមលោកលើកទី ២ សម្រាប់ទ្វីបអឺរ៉ុប និងក្រោយមកទៀត អង្គការសហប្រជាជាតិ (UN) បានចាប់កំណើតឡើង។
លោកអគ្គលេខាធិការ UN ក៏មិនភ្លេចរំលឹកផងដែរថា ពេលនេះពិភពលោក កំពុងប្រឈមមុខសង្គ្រាមធំមួយទៀត ប៉ុន្តែមិនមែនសង្គ្រាមប្រយុទ្ធប្រឆាំងគ្នា ដូចមុននោះឡើយ ដោយយើងគ្រប់គ្នាលើផែនដីត្រូវរួបរួមគ្នាជាធ្លុងមួយវិញ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19។
គួរបញ្ជាក់ថា សង្គ្រាមលោកលើកទី ២ បានកើតឡើងពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សរហូតដល់ ៨៥លាននាក់ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសង្គ្រាមពិភពលោកនោះឡើយ ឬស្មើនឹង ៣% នៃចំនួនប្រជាជនសរុបទូទាំងសកលលោកកាលណោះ (២.៣ពាន់លាននាក់)៕