(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៣៣៦ករណីថ្មី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ១៣,១១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសន្និសទសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក អាកម៉ាត់ យូរៀនតូ (Achmad Yurianto) បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៩៤៣នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មី ១៣នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ លោក Yurianto បានបន្ថែមថា អ្នកជំងឺ ១១៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ នាំឱ្យអ្នកជាសះស្បើយសរុបកើនដល់ ២,៤៩៤នាក់។
បើតាមលោក Achmad Yurianto តួលេខចុងក្រោយនៃអ្នកដែលសង្ស័យថា មានផ្ទុក COVID-19 និងកំពុងស្ថិតក្នុងការតាមដាននៅទូទាំងប្រទេសមានចំនួន ២៩,០៨៧នាក់៕