(ញូដេលី)៖ អាជ្ញាធរសុខាភិបាលសហព័ន្ធឥណ្ឌា បានប្រកាសថា មនុស្ស ១០៣នាក់បន្ថែមទៀតបានស្លាប់ និង ៣,៣៩០នាក់ឆ្លង COVID-19 នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលបាននាំឲ្យចំនួនករណីឆ្លង និងស្លាប់សរុប ដោយសារជំងឺរាតត្បាតសកល នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងយ៉ាងគំហុកបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
បូកបញ្ចូលតួលេខថ្មីខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាកើនដល់ ៥៦,៣៤២នាក់ ក្នុងនោះករណីស្លាប់កើនដល់ ១,៨៨៦នាក់ និងករណីជាសះស្បើយ ១៦,៥៤០នាក់។ ថ្ងៃនេះគឺជាថ្ងៃទី ៤៥ នៃការបិទប្រទេសឥណ្ឌាដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ហើយវានឹងបន្តអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្រៅពីការអនុវត្តវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹង ក្រុមអ្នកជំនាញ និងវិទ្យាសាស្ត្រឥណ្ឌាក៏កំពុងព្យាយាមអភិវឌ្ឍ វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ផងដែរ ដោយចាប់ផ្តើមរាប់សិបកន្លែងក្នុងពេលតែមួយតែម្តង ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មានការវិវឌ្ឍដល់កម្រិតណានៅឡើយ៕