(ព្យុងយ៉ាង)៖ អ្នកនាំពាក្យយោធាកូរ៉េខាងជើងម្នាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះ របស់កូរ៉េខាងត្បូង ដោយចាត់ទុកថានេះគឺជាការធ្វេសប្រហែស និងជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
តាមរយៈការស្រង់សម្ដីពីអ្នកនាំពាក្យយោធាខាងលើ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានសង្កត់ធ្ងន់ដូច្នេះថា «នេះគឺជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឱ្យបាន ហើយស្ថានភាពបែបនេះ ចាំបាច់ត្រូវតែទទួលប្រតិកម្មឆ្លើយតបពីពួកយើង»។
ប៉ុន្តែទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះដដែល មិនបានបញ្ជាក់ថា ជាប្រតិកម្មអ្វីនោះទេ ខណៈតំបន់ឧបទ្វីបកូរ៉េ បានឡើងកំដៅឡើងវិញជាថ្មី បន្ទាប់ពីទាហានកូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា បានបាញ់ប្រហារដាក់គ្នាទៅវិញទៅមក នៅឯតំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំង២ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
KCNA បានបន្ថែមទៀតថា សកម្មភាពធ្វេសប្រហែសរបស់កូរ៉េខាងត្បូង មិនអាចជួយអ្វីបានឡើយដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះឡើយ ហើយថាអ្វីៗគ្រប់យ៉ាងនាពេលបច្ចុប្បន្ន កំពុងវិលត្រឡប់ទៅរកស្ថានភាព មុនមានកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនេះ កូរ៉េខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅឯតំបន់ដែនទឹករបស់ខ្លួន ដោយមានការចូលរួមពីយន្ដហោះចម្បាំងច្រើនជាង២០គ្រឿង និងទូកជាច្រើនគ្រឿង៕