(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានបញ្ជាឱ្យបិទស្ថានីយទូរទស្សន៍ឈានមុខគេ នៅក្នុងប្រទេសមួយនេះគឺ ABS-CBN ដែលធ្លាប់មានជម្លោះជាមួយ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមាន ការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការបិទស្ថានីយទូរទស្សន៍ ABS-CBN... ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ មានតួនាទីដ៏សំខាន់ក្នុងការ សម្របសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន និងគំនិត ដែលចំាបាច់សម្រាប់សេរីភាព, ភាពរុងរឿង និងធានាការពារសង្គមប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យតុលាការកំពូលបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ ហើយក្រោយមកទើបមានការកំណត់ពេលវេលាឲ្យបិទ ប៉ុន្តែ ABS-CBN ក៏បានធ្វើការប្តឹងតវ៉ាផងដែរ។
នៅក្នុងពាក្យបណ្តឹងសុំឲ្យបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN ទៅកាន់តុលាការកាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ស្ថានីយទូរទស្សន៍ដែលជាកម្មសិទ្ធិ នៃគ្រួសារមហាសេដ្ឋីមួយ នៅក្នុងប្រទេសហ្វីលីពីនមួយនេះ បានលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយរំលោភលើច្បាប់ស្តីពីការហាមការទទួលប្រយោជន៍ពីបរទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយទូរទស្សន៍មួយនេះគួរតែត្រូវដកអាជ្ញាប័ណ្ណ។
ទោះបីជាត្រូវបានបិទកាលពីថ្ងៃអង្គារមែនក៏ ABS-CBN តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ខ្លួននៅតែរង់ចាំការអនុម័តពីសភាហ្វីលីពីន ដែលអាចធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្លួនអាចបន្តប្រតិបត្តិការឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន៕