(ប៉េកាំង)៖ ចិនបានប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួន ជាតំបន់មានហានិភ័យទាបនៃការឆ្លងរាតត្បាត COVID-19 ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន នៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យគណៈកម្មាការជាតិសុខាភិបាលចិន លោក Mi Feng បានបញ្ជាក់ថា ការប្រកាសខាងលើធ្វើឡើង បន្ទាប់ពីមិនមានករណីឆ្លង COVID-19 នៅក្នុងស្រុកត្រូវបានរាយការណ៍ សូម្បីតែមួយករណី៤ថ្ងៃជាប់ៗគ្នា និងគ្មានអ្នកស្លាប់ថ្មី២២ថ្ងៃជាប់ៗគ្នា។
តែទោះជាបែបនេះក្ដី លោក Mi កត់សម្គាល់ថា វានៅតែមានភាពមិនច្បាស់លាស់ដដែលពីស្ថានភាពឆ្លង COVID-19 ដូច្នេះហើយទើបលោកអំពាវនាវឱ្យមានការបន្ត កិច្ចខិតខំប្រឹងប្រែងនៅក្នុងការព្យាបាលអ្នកជំងឺ ក៏ដូចជាអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដ៏កាចសាហាវនេះ ដើម្បីកុំឱ្យវាឆ្លងរាតត្បាតខ្លាំងសាជាថ្មីម្ដងទៀត៕