(បរទេស)៖ ប្រហោងខ្មៅមួយ (Black Hole) ត្រូវបានរកឃើញនៅចម្ងាយ ១,០០០ឆ្នាំពន្លឺពីផែនដី ដែលប្រការនេះធ្វើឲ្យវាក្លាយជាប្រហោងខ្មៅ ដែលមានទីតាំងនៅកៀកប្រព័ន្ធសូឡារបស់យើងបំផុត គិតមកទល់ពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត ប្រហោងខ្មៅខាងលើខ្លួនវាផ្ទាល់ គឺមិនអាចត្រូវមើលឃើញឡើយ ដោយពួកគេបានរកឃើញវត្តមានរបស់វា ដោយសារតែផ្កាយចំនួន ០២ដែលនៅក្បែរវា។ ផ្កាយទាំង ០២ដួងនោះ អាចមើលឃើញបានដោយភ្នែកទទេ នាពេលយប់ដែលមាន មេឃស្រឡះល្អ នៅតំបន់អឌ្ឍគោលខាងត្បូងផែនដី។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ពួកគេបានចំណាយពេលអង្កេតមើលប្រព័ន្ធផ្កាយនោះ ដែលស្ថិតក្នុងកញ្ចុំផ្កាយ តេឡេស្កូព្យូម (Telescopium) ហើយក៏បានកត់សម្គាល់ឃើញផ្កាយមួយដួង ក្នុងចំណោមផ្កាយទាំង ០២ តែងតែគោចរជុំវិញវត្ថុអាថ៌កំបាំងមួយជារៀងរាល់ ៤០ថ្ងៃ (ពេលវេលាលើផែនដី) ខណៈផ្កាយមួយដួងទៀតនៅរាងឆ្ងាយពីផ្កាយទី១ និងពីប្រហោងខ្មៅផងដែរ។
ហេតុនេះហើយវាបានធ្វើឲ្យក្រុមតារាវិទូដឹងថា តាមពិតប្រព័ន្ធនោះជាប្រព័ន្ធមានវត្ថុដល់ទៅ ៣ គឺមានប្រហោងខ្មៅថែមមួយទៀត ដែលមានម៉ាស់ច្រើនជាងព្រះអាទិត្យយើងយ៉ាងហោចណាស់ ០៤ដង។
ជុំវិញរបកគំហើញខាងលើ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ជាច្រើនឆ្នាំកន្លងមក ប្រហោងខ្មៅមួយចំនួនក៏ធ្លាប់ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍រវាងប្រហោងខ្មៅខាងលើ និងប្រហោងខ្មៅពីមុនៗមកនោះ គឺវាមិនមានការធ្វើប្រតិកម្មយ៉ាងកម្រោល ជាមួយបរិស្ថាននៅជុំវិញខ្លួននោះទេ ដែលជាហេតុធ្វើឲ្យប្រហោងខ្មៅនោះ មើលទៅងងឹងសូន្យឈឹងតែម្តង ខណៈភាគច្រើនប្រហោងខ្មៅធ្លាប់តែត្រូវគេឃើញ មានសំណុំពន្លឺនៅជុំវិញពួកវា ដែលសំណុំពន្លឺទាំងនោះគឺជារូបធាតុដែលពួកវាកម្ទេចជាធូលីភ្លើង និងស្រូបយកទៅ។
គួរបញ្ជាក់ថា សម្រាប់ប្រហោងខ្មៅពីមុន ដែលត្រូវបានចាត់ទុកថា ស្ថិតនៅជិតផែនដីយើងបំផុតនោះមានឈ្មោះថា HR 6819 ក្នុងរយៈចម្ងាយ ៣,០០០ឆ្នាំពន្លឺ ( ១ឆ្នាំពន្លឺ = ៩.៤៦១ពាន់លានគីឡូម៉ែត្រ)៕