(ប៉េកាំង)៖ ក្រុមបុរាណវិទូចិននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីសមិទ្ធផលសំខាន់ៗមួយចំនួន នៅឯទីតាំងបុរាណស្ថាន ហ្ស័ងហួអ៉ីស៊ូ (Shuanghuaishu) នៅខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលផ្តល់នូវតឹកតាងគន្លឹះស្តីអំពីដើមកំណើត នៃអរិយធម៌ជាង ៥,០០០ឆ្នាំរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
ទីក្រុងបុរាណស្ថាន Shuanghuaishu មានផ្ទៃដីសរុបទំហំ ១.១៧គីឡូម៉ែត្រក្រឡា និងស្ថិតនៅច្រាំងភាគខាងត្បូងនៃទន្លេលឿងក្នុងតំបន់ ហឺលុ (Heluo) នៃទីក្រុងកុងអ៉ី (Gongyi)។ Shuanghuaishu ជាសំណល់ក្រុងបុរាណដែលមានអាយុកាលខ្ទង់ ៥,៣០០ឆ្នាំ និងត្រូវបានក្រុមបុរាណវិទូចិនស្នើឲ្យដាក់ឈ្មោះថា «អាណាចក្រ Heluo» តាមទីតាំងរបស់វា ដែលស្ថិតនៅចំកណ្តាលតំបន់ Heluo ជាចំណុចប្រសព្វរវាងទន្លេលឿង និងទន្លេលូហឺ (Luohe)។
គួរជម្រាបថា យោងតាមក្រុមជំនាញផ្នែកបុរាណវិទ្យា នៃប្រទេសចិនជាច្រើនឆ្នាំមកនេះ ពួកគេបានធ្វើកំណាយរកឃើញវត្ថុបុរាណជាច្រើននៅទីនោះ ហើយការងារស្រាវជ្រាវកំពុងតែបន្តប្រព្រឹត្តទៅជាបន្ទាប់ទៀត៕