(ម៉ូស្គូ)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានកើនដល់ ១៧៧,១៦០នាក់ ហើយនេះគឺជាតួលេខអ្នកឆ្លងខ្ពស់លំដាប់ទី៥ នៅក្នុងពិភពលោក
ដោយវ៉ាដាច់ប្រទេសបារាំង និងអាលឺ្លម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនឆ្លងថ្មីនៅទូទាំងប្រទេសមានរហូតដល់ទៅ ១១,២៣១នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយក្នុងចំណោម ករណីឆ្លងថ្មីនេះទៀតសោត មានច្រើនជាងពាក់កណ្ដាល ឬ ៦,៧០៣ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងម៉ូស្គូ ដែលជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសរុស្ស៊ី។
មិនតែប៉ុណ្ណោះ អ្នកស្លាប់ថ្មី៨៨នាក់ ក៏ត្រូវបានប្រកាសផងដែរ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៦២៥នាក់ ខណៈ២៣,៨០៣នាក់ បានជាសះស្បើយឡើងវិញ និងច្រើនជាង ៤.៨លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19៕