(វ៉ាស៊ីនតោន)៖ បេក្ខជនទាំងឡាយណាធ្លាប់មានប្រវត្តិឆ្លង COVID-19 នឹងត្រូវបានហាមឃាត់ ចុះឈ្មោះចូលបម្រើការងារនៅក្នុងយោធាអាមេរិក លុះត្រាតែពួកគេទទួលបានការលើកលែងពិសេស ពីអង្គភាព ឬសាខាដែលពួកគេចង់ចូលរួម។ នេះបើតាមការ Military Times ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
គេហទំព័រ Military Times ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើកំណត់ហេតុមួយរបស់អ្នកនាំពាក្យមនី្ទរបញ្ចកោណ លោកស្រី ចេស៊ីកា ម៉ាក់វែល (Jessica Maxwell)។ កំណត់ហេតុនេះដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «កំឡុងការសម្ភាសន៍ ឬការត្រួតពិនិត្យសុខភាព អ្នកមានប្រវត្តិឆ្លង COVID-19 ដែលត្រូវបានរកឃើញ ឬក៏ទទួលស្គាល់តាមរយៈ ការធ្វើតេស្ដនៃមន្ទីរពិសោធន៍ ឬអ្នកជំនាញរោគវិនិច្ឆ័យ នោះនឹងត្រូវជម្រុះចោលជាអចិន្ត្រៃយ៍ លុះត្រាតែពួកគេទទួលបានការលើកលែងពិសេស ពីអង្គភាព ឬសាខា ដែលពួកគេចង់ចូលរួម»។ ក៏ប៉ុន្តែខាងមន្ទីរបញ្ចកោណ មិនទាន់អត្ថាធិប្បាយអ្វីទៅនឹងការចុះផ្សាយរបស់គេហទំព័រ Military Times នៅឡើយទេ។
គួរបញ្ជាក់ថា យោធាអាមេរិកមិនទាន់បញ្ចេញរបាយការណ៍ផ្លូវការពីចំនួនករណីឆ្លង COVID-19 នៅក្នុងចំណោមយោធារបស់ខ្លួននោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយ អាមេរិកដូចជា Washington Times យោធាអាមេរិក ៤,០០០នាក់ បានឆ្លងជំងឺដ៏កាចសាហាវនេះ ដោយក្នុងនោះកងនាវាអាមេរិកមាន ១,៦៨៨ករណី និងស្លាប់ ០៨នាក់៕