(ឡុងដ៍)៖ ការសិក្សាថ្មីចុងក្រោយមួយធ្វើឡើងដោយសាកលវិទ្យាល័យ UCL នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស បានបង្ហាញថា COVID-19 បានឆ្លងរាលដាលយ៉ាងសុះសាយរួចស្រេចទៅហើយនៅជុំវិញពិភពលោក តាំងតែពីចុងឆ្នាំ២០១៩មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យខាងលើ ការសិក្សាថ្មីនោះបានផ្តោតទៅលើការវិភាគស្រាវជ្រាវចំពោះទម្រង់ហ៊្សែន របស់ COVID-19 ដែលបានមកពីអ្នកជំងឺនៅជុំវិញពិភពលោក។ លទ្ធផលនៃការសិក្សានោះ ក៏បានបង្ហាញថា COVID-19 ទំនងជាបាន ឆ្លងនៅតាមប្រទេសនានា ជុំវិញសកលលោកតាំងតែពីចុងឆ្នាំ២០១៩ មិនមែនទើបតែប៉ុន្មានខែមុនឡើយ។
គួរជម្រាបថា ចិនបានជូនដំណឹងពីការរកឃើញវត្តមាន COVID-19 នៅក្រុងវូហាន ទៅកាន់អង្គការ WHO កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះរហូតមកដល់ខ្ទង់ខែកុម្ភៈ ការរាតត្បាតរបស់វាហាក់មិនមានសភាពធ្ងន់ធ្ងរខ្លាំង នៅតាមប្រទេសដទៃក្រៅតែពីចិនឡើយ ប៉ុន្តែពេលចូលមកដល់ខែមីនា បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រកាសពីការ រកឃើញករណីឆ្លង ដែលកើនឡើងក្នុងអត្រាយ៉ាងឆាប់រហ័សជាទីបំផុត រហូតវ៉ាដាច់ឆ្ងាយលើសពីប្រទេសចិនទៅទៀត៕