Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារដែនសមុទ្រឥណ្ឌូណេស៊ី!

06-05-2020 22:18

(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីដ៏កក្រើក ដែលមានកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ Banda ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍ថា វាអាចបង្កគ្រោះថ្នាក់ដល់មនុស្ស ឬក៏បំផ្លាញទ្រព្យសម្បត្តិនានានៅឡើយទេ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ CNA។

យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅក្នុងជម្រៅ ១១៧គីឡូម៉ែត្រ ក្រោមបាតសមុទ្រ។ បើតាមក្រុមជំនាញ សមុទ្រនៅតំបន់ខាងលើនេះ មិនអាចកកើតទៅជារលកយក្សស៊ូណាមិនោះឡើយ នៅពេលកើតមានគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រមូលផ្តុំដោយកោះតូចធំសរុបជាង ១៧,០០០កោះនេះ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលប្រការនេះ បាននាំឲ្យឥណ្ឌូណេស៊ី តែងតែទទួលរងគ្រោះធម្មជាតិអាក្រក់ៗដូចជា រញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម៕