Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទអត្ថាធិប្បាយ៖ «កូរ៉េខាងជើងមិនខ្វល់ មិនពន្យល់ និងមិនបកស្រាយ ហើយទាំងនេះគឺជា ចម្លើយសម្រាប់អន្តរជាតិ» (Video inside)

06-05-2020 13:49

(ប៊ូសាន)៖ ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងបានឆ្លងកាត់ពីពាក្យចចាមអារ៉ាមដែលថា លោក គីម ជុងអ៊ុន បានស្លាប់រហូតដល់ក្លាយជាទៅជាការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក ជាមួយកូរ៉េខាងត្បូងនៅតំបន់ព្រំដែន។ តែដូចទម្លាប់ចាស់ដែរ ប្រទេសឯកោមួយនេះមិនបានពន្យល់ពីហេតុផល ឬចេញ មុខបញ្ជាក់ថា មានរឿងអ្វីកើតឡើងឱ្យប្រាកដនោះទេ ដែលហាក់ដូចជាមួយរយៈមកនេះ ពួកគេកំពុងលេងសើច និងមិនខ្វល់ទាល់តែសោះ ពីអ្វីដែលពិភពលោកទាំងមូល កំពុងគិតមកលើខ្លួន។

* ព្រឹត្តិការណ៍ចម្លែកពីរ

ព្រឹត្តិការណ៍ចម្លែកពីរ បានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ នោះគឺការបាត់ខ្លួន ០៣សប្ដាហ៍របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រហូតដល់មានពាក្យចចាមអារ៉ាមខ្លះថា លោកបានស្លាប់បាត់ទៅហើយ និងខ្លះទៀតថាក្លាយជាមនុស្សរុក្ខជាតិជាដើម។

ចំណែកឯព្រឹត្តិការណ៍ចុងក្រោយបំផុត នោះគឺការបាញ់កាំភ្លើងដាក់គ្នាទៅវិញទៅមក រវាងទាហានកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅឯតំបន់ព្រំដែនគ្មានយោធានៃប្រទេសទាំងពីរ កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ ហើយដែលព័ត៌មានជាច្រើនថា ការបាញ់តបតគ្នានេះ បានផ្ទុះឡើងដំបូងចេញពីខាងកូរ៉េខាងជើង។

បច្ចុប្បន្នពាក្យចចាមអារ៉ាមថា លោក គីម ស្លាប់ គឺត្រូវបានដោះស្រាយ ក្រោយលោកបង្ហាញខ្លួនឡើងវិញ ក្នុងពិធីកាត់ខែ្សបូរសម្ពោធរោងចក្រផលិតជី មួយកន្លែងស្ថិតនៅភាគខាងជើង រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក៏ប៉ុន្តែមួយថ្ងៃបន្ទាប់ គឺនៅថ្ងៃអាទិត្យកន្លងទៅនេះ ស្រាប់តែទាហានកូរ៉េខាងជើង បាញ់ប្រហារលើប៉ុស្តិ៍យាមព្រំដែនរបស់ទាហានកូរ៉េខាងត្បូង ដែលបានបើកការបាញ់តបតវិញភ្លាមៗ។ ទីក្រុងសេអ៊ូល បានទាមទារការពន្យល់ពីទីក្រុងព្យុងយ៉ាង។ ហេតុការណ៍បាញ់ប្រហារដាក់គ្នានេះ មិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

* ការមិនឆ្លើយ គឺជាចម្លើយ

កូរ៉េខាងជើងមិនបានពន្យល់អ្វីទាល់តែសោះ ទាំងការបាត់ខ្លួនរបស់លោក គីម ជុងអ៊ុន និងការបាញ់ប្រហារដាក់គ្នាជាមួយទាហានកូរ៉េខាងត្បូង។ វាហាក់ដូចជាពួកគេ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ហើយក៏មិនបានសម្ដែងការព្រួយបារម្ភ ចំពោះអ្វីដែលបានកើតឡើងនោះដែរ។ តែយ៉ាងណារឿងបែបនេះ គឺជាទម្លាប់របស់កូរ៉េខាងជើងទៅហើយ នោះគឺ «មិនឆ្លើយ គឺជាចម្លើយ»

កូរ៉េខាងជើងជាញឹកញាប់ មិនដែលពន្យល់ពីសកម្មភាពដែលខ្លួនកំពុង និងបានធ្វើឡើយ ហើយនៅពេលសកម្មភាពបង្ករឿង ដែលខ្លួនបានប្រព្រឹត្តជាកំហុសដ៏ធំ ដែលពិបាកនឹងធ្វើជាមិនដឹង កូរ៉េខាងជើងនឹងនិយាយកុហក បើទោះជាមានភស្តុតាងកណ្តាលវាលក៏ដោយ។ ជាឧទាហរណ៍ដូចជាហេតុការណ៍បាញ់ពន្លិច នាវាចម្បាំងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ និងការបំផ្ទុះគ្រាប់លើយន្ដហោះមួយគ្រឿង នៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង កាលពីឆ្នាំ១៩៨៧ គឺកូរ៉េខាងជើងធ្វើមិនដឹងមិនលឺអ្វីទាំងអស់។

* ហេតុអ្វីបានជាពិបាកធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង?

វិធីសាស្ត្រមិនឆ្លើយ គឺជាចម្លើយបានបង្ហាញថា តើហេតុអ្វីបានជាកូរ៉េខាងជើង ឯកោ, ហេតុអ្វីបានជាពិបាកធ្វើទំនាក់ទំនង ជាមួយកូរ៉េខាងជើង។ មេដឹកនាំប្រទេសមួយនេះ មិនដែលខ្វល់ ឬក៏ឈឺក្បាលចំពោះអ្វី ដែលគេគ្រប់គ្នាកំពុងគិតនោះទេ។ លើសពីនេះទៅទៀត រឿងដែលធ្វើឱ្យគេពិបាកធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង នោះគឺប្រទេសមួយនេះដឹកនាំដោយរបបគ្រួសារផ្ដាច់ការ មិនមែនជារបបកុម្មុយនិស្ដឡើយ។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រទេសក្បែរខាងដូចជា ជប៉ុន និងកូរ៉េខាងត្បូង ព្រួយបារម្ភនោះគឺ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ តែមិនដែលខ្វល់ឡើយពីច្បាប់អន្តរជាតិ ឬក៏សីលធម៌ជាសកលអ្វីនោះទេ។ អ្វីដែលពួកគេខ្វល់គឺធ្វើយ៉ាងណាឱ្យតែកូរ៉េខាងជើង ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូល គីម តែប៉ុណ្ណោះ៕

ប្រភព៖ CNA (ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០)