Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីអាមេរិកដែលត្រូវបានបណ្តេញចេញពីតំណែង ដាក់ពាក្យប្តឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមិនបានអើពើការព្រមានអំពី COVID-19 តាំងពីដំបូងៗ (Video inside)

06-05-2020 09:54

(វ៉ាស៊ីនតោន)៖ មន្ត្រីទីភ្នាក់ងារស្រាវជ្រាវថ្នាំវ៉ាក់សាំងអាមេរិកម្នាក់ ដែលទើបត្រូវបានបណ្តេញចេញពីមុខដំណែង នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាវ៉ាស៊ីនតោន) បានដាក់ពាក្យបណ្តឹងតវ៉ា ប្រឆាំងនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការមិនអើពើនឹងការព្រមានរបស់ខ្លួនតាំងពីដើមទី អំពីហានិភ័យនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងពាក្យបណ្តឹងនោះដែរ លោកបានអះអាងថា មូលហេតុដែលលោកត្រូវបានគេបណ្តេញចេញពីមុខដំណែង គឺដោយសារតែលោកបានក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន ចំពោះវិធីព្យាបាល ដែលត្រូវបានបានណែនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នាពេលកន្លងទៅនេះ។

លោក រីក ប្រាយ (Rick Bright) អតីតនាយកអាជ្ញាធរស្រាវជ្រាវ និងអភិវឌ្ឍន៍ជីវសាស្រ្តអាមេរិកហៅកាត់ថា BARDA បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា លោកបានលើកឡើងពីការព្រួយបារម្ភ ជុំវិញការត្រៀមខ្លួនរបស់អាមេរិកចំពោះជំងឺ COVID-19 ដែលចាប់ផ្តើមកាលពីខែមករា ប៉ុន្តែត្រូវបានឆ្លើយតបមកវិញ ជាមួយការព្រងើយកន្តើយ ដែលក្រោយមកបានវិវត្តន៍ទៅជាអរិភាព ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងសេវាមនុស្សជាតិ។

គួរជម្រាបថា អតីតនាយក BARDA រូបនេះ ត្រូវបានគេដកហូតចេញពីមុខតំណែង កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅនេះ ហើយបច្ចុប្បន្នលោកត្រូវបានគេតែងតាំង ឲ្យកាន់តំណែងតូចមួយ នៅវិទ្យាស្ថានសុខាភិបាលជាតិ។ មេធាវីរបស់លោកបានអះអាងថា ការដកហូត លោក Bright ចេញពីតំណែង គឺជាការរំលោភលើច្បាប់ការពារអ្នកផ្តល់យោបល់ (Whistleblower Protection Act) ថែមទាំងបានអះអាងទៀតថា លោក Bright បានចូលរួមក្នុងសកម្មភាពការពារជីវិត របស់ប្រជាពលរដ្ឋអាមេរិកជាច្រើននាក់ទៀតផង៕