Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គមេបញ្ជាការកងទ័ពអាមេរិក៖ «យើងមិនដឹងថាវីរុសកូរ៉ូណា មានប្រភពដើមមកពីណាឲ្យប្រាកដឡើយ» (Video inside)

06-05-2020 08:50

(វ៉ាស៊ីនតោន)៖ អគ្គសេនាធិការចំរុះ ដែលជាមេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាមេរិកលោក ម៉ាក មីល្លេយ (Mark Milley) បានលើកឡើងនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកមិនដឹងថា តើវីរុសកូរ៉ូណា (COVID-19) មានប្រភពដើមមកពីណាឲ្យប្រាកដឡើយ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមចោទប្រកាន់ទៅលើចិនថា ជាអ្នកបង្កើត និងទាមទារឲ្យចិនទទួលខុសត្រូវ ចំពោះបញ្ហាទាំងអស់នេះថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

មេបញ្ជាការជាន់ខ្ពស់យោធាអាមេរិកខាងលើ បានលើកឡើងក្នុងបទបង្ហាញមួយ នៅមន្ទីរការពារជាតិអាមេរិក បញ្ចកោណយ៉ាងដូច្នេះថា «តើវាមានប្រភពចេញមកពី មន្ទីរពិសោធន៍នៅវូហានឬ? តើវាចេញមកពីទីផ្សារគ្រឿងសមុទ្រ ដែលនៅវូហាន ឬក៏វាមានប្រភពពីកន្លែងណាផ្សេងទៀត? ចម្លើយសម្រាប់សំនួរទាំងអស់នេះ គឺយើងមិនដឹងទេ»។ ការឆ្លើយតបរបស់លោក Mark Milley ត្រូវបានធ្វើឡើង ចំពោះសំនួរថា តើវីរុសកូរ៉ូណា (COVID-19) មានប្រភពដើមមកពីណា។

ទោះបីជាបែបនេះក្តី លោក Mark Milley បានសង្កត់ធ្ងន់ថា ទាំងទីភ្នាក់ងារនានារបស់រដ្ឋ និងឯកជន ក៏កំពុងតែស្វែងរកចម្លើយផងដែរ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់យោធាអាមេរិក បានបញ្ជាក់ជាចុងក្រោយថា ភស្តុតាងជាច្រើនកន្លងមក ហាក់ដូចជាគាំទ្រខ្លាំងរួចទៅហើយ ចំពោះការលើកឡើងថា វីរុសកូរ៉ូណាថ្មី (COVID-19) កកើតឡើងដោយធម្មជាតិ និងមិនមែនមនុស្សជាអ្នកបង្កើត ឬមានចេតនាបង្កើតនោះឡើយ៕