(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតធុនធំស៊េរីថ្មីរបស់ប្រទេសចិនឈ្មោះថា Long March-5B ទីបំផុតត្រូវបានបាញ់បង្ហោះសាកល្បងជាលើកដំបូងហើយ ដែលវានឹងត្រូវប្រើប្រាស់ជាចម្បងដើម្បីដឹកជញ្ជូនគ្រឿងផ្គុំ សម្រាប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
គ្រាប់រ៉ុក្កែតធំពណ៌សខាងលើ បានហោះឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Wenchang ដែលស្ថិតខេត្តដីកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់នៅទីក្រុងប៉េកាំង)។ វត្ថុដែលរ៉ុក្កែតនោះបាននាំទៅកាន់ទីអវកាស កំឡុងការហោះហើរសាកល្បងរបស់វា គឺគំរូយានអវកាសជំនាន់ថ្មីរបស់ចិន សម្រាប់ដឹកអវកាសយានិក។ យានតេស្តនោះ ត្រូវបានបញ្ជូនចូលទៅដល់គន្លងអវកាស ដែលត្រូវបានកំណត់ទុកដោយជោគជ័យ។
គួរជម្រាបថា អាជ្ញាធរផ្នែកអវកាសចិន បានចាត់ទុកការបាញ់បង្ហោះដោយជោគជ័យនៃគ្រាប់រ៉ុក្កែត Long March 5B ជាការបើកសម្ពោធនូវដំណាក់កាលទី៣ នៃកម្មវិធីរុករកក្នុងទីអវកាសដោយមនុស្សរបស់ប្រទេសចិន គឺការសាងសង់ស្ថានីយអវកាស ខណៈ Long March 5B ត្រូវបានអភិវឌ្ឍឡើងជាពិសេសដើម្បីសម្រេចគោលដៅនេះ៕