(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីបានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់១០,១០២ករណី នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។ សរុបមក ករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់១៥៥,៣៧០ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះ រុស្ស៉ីក៏មានករណីស្លាប់ថ្មីចំនួន ៩៥ នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបបានកើនដល់ ១,៤៥១នាក់។ ដោយឡែកសម្រាប់របាយការណ៍ស្តីអំពីករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្ស៉ីបានគូសបញ្ជាក់ថា ចំនួនអ្នកត្រូវព្យាបាលជាបានកើនដល់១៩,៨៦៥ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ១,៧៧០នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
រដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្ស៉ី បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន៥,៧១៤នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ៨០,១១៥ករណី។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ គិតត្រឹមថ្ងៃចន្ទម្សិលមិញ មនុស្សចំនួន២២២,៥១០នាក់កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៉ី តាមរយៈមន្ទីរពិសោធន៍ បានកើនដល់៤,៤លាននាក់៕