(ហ្សាការតា)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ១២,០៧១នាក់ហើយ បន្ទាប់ពីអ្នកឆ្លងថ្មី ៤៨៤នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto ធ្វើសេចក្ដីរាយការណ៍ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្ដីពីបច្ចប្បន្នភាព COVID-19 នៅថ្ងៃអង្គារនេះ។ លោក Yurianto បន្តថា អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៨៧២នាក់ផងដែរ ក្រោយអ្នកជំងឺ៨នាក់ បន្ថែមទៀតបានស្លាប់ ខណៈ អ្នកជំងឺ ២,១៩៧នាក់ បានជាសះស្បើយឡើងវិញ។
បើតាមលោក Achmad Yurianto មកទល់ពេលនេះ មនុស្សច្រើនជាង ៨៨,៩០០នាក់ បានទទួលការធ្វើតេស្ដរក COVID-19៕