(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន (ប្រទេសចិន) គឺជាអ្នកតំណាងស្របច្បាប់តែមួយគត់នៅលើពិភពលោករបស់ប្រជាជាតិចិន ដោយស្ថិតក្រោមប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
លោក Steven A. Solomon មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់របស់អង្គការ WHO បាននិយាយដូច្នេះថា «ប្រមាណ៤៩ឆ្នាំមុន អង្គការសហប្រជាជាតិ បានសម្រេចដោយហ្មត់ចត់បំផុតថា អ្នកតំណាងស្របច្បាប់តែមួយគត់លើលោកសម្រាប់ចិន នៅក្នុងប្រព័ន្ធរបស់ UN គឺមានតែមួយប៉ុណ្ណោះនោះគឺសាធារណរដ្ឋប្រជាមានិតចិន។ ហេតុដូច្នេះ ក្នុងនាមជាអង្គការឯកទេសមួយរបស់ UN អង្គការ WHO អនុលោមតាម UN ហើយត្រូវតែបន្តធ្វើយ៉ាងដូច្នោះដោយត្រឹមត្រូវខ្ជាប់ខ្ជួនបំផុត»។
គួរជម្រាបថា ការបញ្ជាក់បែបនេះពីខាង WHO កើតមាន បន្ទាប់ពីតៃវ៉ាន់ ដែលចិនចាត់ទុកគ្រាន់តែកោះមួយប៉ុណ្ណោះរបស់ខ្លួន ចង់ឲ្យ WHO ទទួលឲ្យចូលជាសមាជិកពេញសិទ្ធិ នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ហើយការបញ្ជាក់ខាងលើទៀតសោត ធ្វើឡើង មុនពេលដែល សន្និបាតសុខភាពពិភពលោកលើកទី៧៣ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា។
សន្និបាតសុខភាពពិភពលោកនេះ ធ្លាប់មានវត្តមានកោះតៃវ៉ាន់ចូលរួម ក្នុងនាមជាអ្នកអង្កេតការណ៍ចាប់ពីឆ្នាំ២០០៩-២០១៦ នៅពេលទំនង់ទំនងរវាងចិននិងតៃវ៉ាន់ មិនទាន់មានភាពតានតឹង ប៉ុន្តែចាប់តាំងពីលោកស្រី Tsai Ing-wen បានឡើងជាប្រធានាធិបតីកោះតៃវ៉ាន់មក ទីក្រុងប៉េកាំងក៏បានរារាំងលែងឲ្យតៃវ៉ាន់ចូលរួម។ ដូច្នេះហើយ តាមរយៈការបញ្ជាក់របស់មន្រ្តី WHO ខាងលើ វាអាចមានន័យថា ក្នុងឆ្នាំនេះ សន្និបាតសុខភាពពិភពលោក អាចនឹងបន្តគ្មានវត្តមានតៃវ៉ាន់ដដែល៕