(ប៉េកាំង)៖ ភាពក្រអឺតក្រទម បានធ្វើឱ្យសហរដ្ឋអាមេរិកខ្លួនឯង កា្លយទៅជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 ហើយដើម្បីបិទបាំងកំហុសនេះ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានទម្លាក់កំហុសលើអ្នកដទៃ ដោយចោទថាចិនជាអ្នកបង្កើត រួចបណ្តែតបណ្ដោយឱ្យជំងឺនេះឆ្លងរាតត្បាត និងអុកឡុកពេញពិភពលោក។

ជាការពិតសហរដ្ឋអាមេរិក គឺជាមហាអំណាចលេខ ១ នៅលើពិភពលោក ដែលគួរតែទទួលខុសត្រូវ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងជាសកល ទៅនឹងសត្រូវរួមរបស់ពិភពលោក។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកមិនបានបំពេញកាតព្វកិច្ច ជាមេដឹកនាំពិភពលោកឡើយ ហើយបែរជាដើរតួរជាមេបង្កបញ្ហា និងរំខាន ដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 ទៅវិញ។

ជាក់ស្ដែងកាលពីខែមេសាកន្លងទៅ ខណៈពិភពលោកកំពុងជាប់ដៃប្រយុទ្ធនឹង COVID-19 រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់ការផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់អង្គសុខភាពពិភពលោក (WHO) ដោយចោទថា បានជួយចិនក្នុងការលាក់បាំងព័ត៌មាន អំពីតួលេខអ្នកឆ្លង និងស្លាប់ តាំងតែពីជំងឺដ៏កាចសាហាវផ្ទុះឡើងដំបូង។

ភ្លាមៗក្រោយការសម្រេចចិត្តនេះ បណ្ដាប្រទេសមួយចំនួន រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក និងអង្គការអន្តរជាតិនានា បានថ្កោលទោសយ៉ាងខ្លាំង ដ្បិតការកាត់ផ្ដាច់ជំនួយសម្រាប់ WHO នៅក្នុងបរិបទដែលពិភពលោក កំពុងប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19 គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ២៖០០នាទី រសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 សរុប ១,២១២,៩៥៥ករណី ក្នុងនោះស្លាប់ ៦៩,៩២៥នាក់ និងជាសះស្បើយឡើងវិញ ១៨៨,០៦៨នាក់។
មហាអំណាចផុតលេខមួយនេះបានក្លាយជា
ចំណុចកណ្ដាលនៃការឆ្លងរាតត្បាត ព្រមទាំងមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនជាងគេនៅលើពិភពលោកបែបនេះ គឺដោយសារតែ «ភាពក្រអឺតក្រទម»។

កាលពីដំបូងឡើយ បើគេចាំមិនភ្លេចទេ ពោលគឺនៅពេល COVID-19 រីករាលដាលដំបូងៗដល់ទឹកដីសហរដ្ឋអាមេរិក ប្រទេសចិន និងអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា សហគមន៍ជាតិស៊ើបការណ៍សំងាត់អាមេរិកខ្លួនឯង បានព្រមានជាច្រើនលើក ពីគ្រោះថ្នាក់នៃ COVID-19។ ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងស្ថានការណ៍បាន ហើយថែមទាំងបដិសេធពន្យល់ ពីរបៀបដែលរដ្ឋបាលរបស់លោក កំពុងគ្រប់គ្រង និងចែកចាយការផ្គត់ផ្គង់ វេជ្ជសាស្ត្រ និងបានរារាំងអ្នកជំនាញជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) មិនឱ្យឡើងផ្តល់សក្ខីកម្ម នៅចំពោះមុខសភាអាមេរិកទៀតផង។

បន្ថែមពីលើនេះទាំងលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលបានអះអាងថា COVID-19 កើតឡើងចេញពី មន្ទីរពិសោធន៍ក្រុងវូហាន មិនទាន់បង្ហាញភស្តុតាងណាមួយ ដើម្បីការពារការលើកឡើងរបស់ខ្លួននោះទេ មកទល់នឹងពេលនេះ។ ប៉ុន្តែការចោទប្រកាន់ បែបនេះបានធ្វើឱ្យគេនឹងឃើញឡើងវិញ ដល់រឿងដែលបានកើតឡើងកាលពីឆ្នាំ២០០៣ នោះគឺសហរដ្ឋអាមេរិក ប្រើលេសចោទអ៉ីរ៉ាក់ថា មានអាវុធនុយក្លេអ៊ែរ ហើយលើកទ័ពឈ្លានពានប្រទេសមួយនេះ ដើម្បីបំពេញមហិច្ឆតាពង្រីកអំណាច និងទាញយកប្រយោជន៍ពីប្រេង៕

ប្រភព៖ Xinhua (ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០)