(ញូយ៉ក)៖ ប្រជាជនអាមេរិកជិត ១៣៥,០០០នាក់ ត្រូវបានគេព្យាករណ៍ថា អាចនឹងស្លាប់ដោយសារ COVID-19 ចាប់ពីពេលនេះរហូតដល់ដើមខែសីហា ហើយដែលចំនួននេះកើនឡើងជិត ២ដង បើធៀបទៅនឹងការព្យាករណ៍កាលពីលើកមុន របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
ការកែប្រែការព្យាករណ៍ខាងលើរបស់វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព (IHME) នៃសាកលវិទ្យាល័យ University of Washington ធ្វើឡើងដោយ ផ្អែកលើការបន្ធូរបន្ថយវិធានការ «រក្សាគម្លាតសុវត្ថិភាព» នៅក្នុងរដ្ឋចំនួន ៣១ ចាប់ពីថ្ងៃទី១១ ខែឧសភា ខាងមុខនេះតទៅ។ វិទ្យាស្ថាន IHME កាលពីពាក់កណ្ដាលក៏ធ្លាប់បានព្យាករណ៍ដែរថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង ៧៤,០០០នាក់ នៅខែសីហាខាងមុខនេះ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរំពឹងថា ចំនួនប្រជាជនអាមេរិកដែលនឹងបាត់បង់ជីវិតសរុបដោយសារ COVID-19 នឹងតិចជាង ១០០,០០០នាក់ បន្ទាប់ពីលោកធ្លាប់បានអះអាងថា អ្នកស្លាប់អាចនឹងមានពី ៦០,០០០នាក់ ដល់ ៧០,០០០នាក់។ ប៉ុន្តែកាលពីថ្ងៃអាទិត្យកន្លងទៅ លោកបានទទួលស្គាល់ថា អ្នកស្លាប់អាចនឹងមានចំនួនច្រើនជាងនេះ ឬអាចដល់ ១០០,០០០នាក់។
បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ COVID-19 ៦៩,៩២១នាក់ ក្នុងចំណោមករណីឆ្លងសរុប ១,២១២,៨៣៥ករណី និងជាសះស្បើយឡើងវិញ ១៨៨,០២៧នាក់៕