(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០១ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ប្រការនេះវាបានធ្វើឲ្យករណីនាំចូលសរុបពីក្រៅប្រទេស បានកើនដល់ ១,៦៧៦ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៣៥១នាក់បានជាសះស្បើយឡើងវិញ ខណៈ ៣២៥នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាមិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៨៥៣នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៨៧នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០១ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៨៨១ ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕