(វ៉ាស៊ីនតោន)៖ ព័ត៌មានសំងាត់ដែលបានចែកចាយនៅក្នុងចំណោម ប្រទេសជាសម្ព័ន្ធស៊ើបការណ៍សំងាត់ហ្វាយអាយស៍ (Five Eyes) បានបញ្ជាក់ថា វីរុសកូរ៉ូណា បង្កជាជំងឺរលាកផ្លូវដង្ហើម COVID-19 មិនមែនមានប្រភពមកពីមន្ទីរពិសោធន៍នោះទេ តែវាអាចមានប្រភពចេញពីផ្សារមួយកន្លែង នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីលោកខាងលិចពីរនាក់ ដែលអះអាងថា ព័ត៌មានសំងាត់ខាងលើ គឺផ្ទុយទាំងស្រុងទៅនឹងការចោទប្រកាន់របស់ លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលថា COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍ក្រុងវូហាន។
មន្ត្រីទាំងពីររូបខាងលើនេះបានថ្លែងប្រាប់ CNN យ៉ាងដូច្នេះថា «យើងគិតថា វាទំនងមិនមែនជាឧប្បដិហេតុនោះទេ... តែមានភាគរយខ្ពស់ថា វាកើតឡើងដោយខ្លួនឯង និងការប៉ះពាល់រវាងសត្វ និងមនុស្ស»។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនទាន់បញ្ចេញភស្តុតាង ឬធ្វើការវាយតម្លៃ ជាសាធារណៈណាមួយនោះដែរ ប៉ុន្តែកាលពីសប្តាហ៍មុននេះ ក្រុមមន្ត្រីជំនាញស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់អាមេរិក ក៏បានធ្លាប់បានបង្ហើបឲ្យដឹងផងដែរថា វីរុសកូរ៉ូណាថ្មី (COVID-19) មិនមែនមនុស្សជាអ្នកបង្កើតនោះឡើយ។
គួរបញ្ជាក់ថា Five Eyes គឺជាសម្ព័ន្ធស៊ើបការណ៍សំងាត់អន្តរជាតិ មានសមាជិកដូចជា សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស កាណាដា,អូស្ត្រាលី និងនូវែលសេឡង់៕