(ដូហា)៖ ក្រសួងសុខាភិបាលប្រទេសកាតា បានប្រកាសនៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៦៤០នាក់ទៀតត្រូវបានរកឃើញក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលប្រការនេះបានធ្វើឲ្យចំនួនសរុប នៃអ្នកឆ្លងនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ កើនឡើងដល់ ១៦,១៩១ករណី។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ។
បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកាតា ករណីឆ្លងថ្មីៗបន្ថែមទៀតខាងលើនេះ គឺត្រូវបានរកឃើញ នៅក្នុងចំណោមពលករបរទេស ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីរង់ចាំការពិនិត្យរកមើលវីរុសកូរ៉ូណាជាបន្តបន្ទាប់។
បន្ថែមពីខាងលើនេះ អ្នកជំងឺសរុប ១៤៦នាក់ ក៏បានជាសះស្បើយផងដែរ ដែលបាននាំឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 នៅក្នុងប្រទេសកាតាកើនដល់ ១,៨១០នាក់ ហើយដោយឡែកអ្នកស្លាប់វិញ គឺស្ថិតនៅចំនួន ១២នាក់ដដែល។ បច្ចុប្បន្នប្រទេសកាតា បានធ្វើតេស្តរក COVID-19 លើមនុស្សជាង ១០០,០០០នាក់ហើយ៕