(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះ បានប្រកាសបន្តសុពលភាព នៃការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ថ្ងៃទី៣១ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
លោក ស៊ីនហ្សូ អាបេ បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ទៀត ក្នុងគ្រាអាសន្នកាលពីថ្ងៃទី៧ ខែមេសា ហើយក្រោយមកបានសម្រេចចិត្ត ដាក់ប្រទេសទាំងមូល ក្នុងគ្រាអាសន្នតែម្ដង ដោយសារតែករណីឆ្លង កើនឡើងជាបន្តបន្ទាប់។ វិធានការនេះនឹងត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែ លោក អាបេ បានសម្រេចចិត្ត បន្តសុពលភាព រហូតដល់ ថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមជំនាញ ដែលព្រមានថាជប៉ុននៅត្រូវការវែងឆ្ងាយ ដើម្បីយកឈ្នះលើ COVID-19។
គួរជម្រាបថា វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ប្រទេសជប៉ុន គឺមិនសូវរឹតត្បិតខ្លាំង ដូចជាបណ្ដាប្រទេសអឺរ៉ុបនោះទេ។ វិធានការនេះ បានអនុញ្ញាតឱ្យអាជ្ញាធរ ជំរុញឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ និងស្នើឱ្យអាជីវកម្មមួយចំនួនបិទទ្វារ។ ប៉ុន្តែ អាជ្ញាធរមិនអាចបង្ខំឱ្យប្រជាជនអនុវត្តតាមនោះទេ ហើយក៏មិនមានការ ផាកពិន័យលើអ្នកល្មើនោះដែរ។
បើតាមសារព័ត៌មាន NHK បច្ចុប្បន្ន ជប៉ុនមានឆ្លង COVID-19 ១៥,៩១៣នាក់ ក្នុងនោះស្លាប់ ៥៤២នាក់ និងជាសះស្បើយឡើងវិញ ៣,៩៨១នាក់៕