(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ៣៩៥នាក់ទៀត ត្រូវបានរកឃើញ នៅក្នុង ពេលមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១១,៥៨៧ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ១៩នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ នៅអំឡុងពេលដូចគ្នា នាំឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៨៦៤នាក់។ ដោយឡែក អ្នកជាសះស្បើយសរុបពីជំងឺ COVID-19 កើនឡើងដល់ ១,៩៥៤នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ីបានធ្វើតេស្ដរក COVID-19 លើមនុស្សច្រើនជាង ៨៦,០០០នាក់។ ឥណ្ឌូណេស៊ី ជាប្រទេសមានករណីឆ្លងច្រើនបំផុតលំដាប់លេខ ២ នៅអាស៊ាន បន្ទាប់ប្រទេសសិង្ហបុរី ប៉ុន្តែសម្រាប់ចំនួនករណីស្លាប់វិញ ឥណ្ឌូណេស៊ីឈរនៅលេខរៀងទី១៕