(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៦៥៧ករណីបន្ថែមទៀត ដែលនាំឲ្យករណី ឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនដល់ ១៨,២០៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួង ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋានមួយកន្លែង ក្នុងប្រទេសមួយនេះ។ ពោលមានតែ ១០ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ចំណែកឯ អ្នកស្លាប់ដោយសារ COVID-19 មាន ១៧នាក់ និងជាសះស្បើយវិញយ៉ាងតិចជាង ១,៣៤៧នាក់ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសនៅយប់នេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមការងារអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសនេះ បានប្រកាសពីការបន្ធូរបន្ថយវិធានការរឹតត្បិត របស់ខ្លួនបន្តិច ឡើងវិញ ដោយសេវាកម្ម និងអាជីវកម្មមួយចំនួននឹងត្រូវបានអនុញ្ញាត ឲ្យដំណើរការឡើងវិញ។ តួយ៉ាងដូចជា អាជីវកម្មលក់ម្ហូបអាហារតាមផ្ទះ និងហាងលក់រាយជាដើម នឹងអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ ខែឧសភាខាងមុខនេះទៅ៕