(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចចិត្តបិទជើងហោះហើរដឹកអ្នកដំណើរទាំងអស់ មកកាន់ប្រទេសរបស់ខ្លួនជាបណ្ដោះអាសន្ន រយៈពេលមួយសប្ដាហ៍ ចាប់ពីព្រឹក ថ្ងៃអាទិត្យនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 និងជួយសម្រួលបន្ទុកដល់កន្លែងធ្វើចត្តាឡីស័ក ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលទើបត្រឡប់មកពីបរទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា៖ «នេះគឺជាការសម្រេចចិត្ត ដែលមានគោលដៅជួយសម្រួលបន្ទុក ក៏ដូចជា កែលម្អដល់អគារ ឬកន្លែងធ្វើចត្តាឡីស័ករបស់យើង ដើម្បីការពារប្រជាជនរបស់យើងពីការឆ្លងរាតត្បាត COVID-19 និងដើម្បីធានាឱ្យបានថាពលករហ្វីលីពីន ទទួលបានការ យកចិត្តទុកដាក់ នៅពេលពួកគេត្រឡប់មកពីបរទេស»។
ហ្វីលីពីន បានដាក់ចេញនូវវិធានការរឹតត្បិតលើការធ្វើអន្តោប្រវេសន៍ ការធ្វើដំណើរ និងការប្រមូលផ្ដុំគ្នា ចាប់តាំងពីពាក់កណ្ដាលខែមីនាមក ពោលគឺបន្ទាប់ពីរកឃើញករណីឆ្លង ដំបូងនៅក្នុងស្រុក។ រីឯការធ្វើចូលក្នុងប្រទេសហ្វីលីពីនត្រូវបានហាមឃាត់ លើកលែងពលរដ្ឋហ្វីលីពីនធ្វើមាតុភូមិនិវត្តន៍។ ពលរដ្ឋហ្វីលីពីន មកពីបរទេស ប្រមាណជា ២០,០០០នាក់ កំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័កនៅក្នុងរដ្ឋធានីម៉ានីល ជាហេតុបង្កឱ្យមានការលំបាកយ៉ាងខ្លាំងក្នុងគ្រប់គ្រងចំនួនមនុស្សដ៏ច្រើននេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ក៏បានអូសបន្លាយពេលនៃការបិទជើងហោះហើរដឹកអ្នកដំណើរនៅក្នុងស្រុក និងអន្តរជាតិរួចហើយដែរ រហូតដល់ពាក់កណ្ដាល ខែឧសភា។ ហ្វីលីពីនមានអ្នកឆ្លង COVID-19 ៨,៩២៨នាក់ ក្នុងនោះស្លាប់៦០៣នាក់ និងជាសះស្បើយ១,១២៤នាក់៕