(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 តែ៣ករណីថ្មីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ ខណៈ ប្រទេសអាស៊ានមួយនេះកំពុងចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ករណីឆ្លងថ្មី ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺជាអាត្រាឆ្លងទាបបំផុតចាប់តាំងពីដើមខែមីនាមក និងជាចំនួនអ្នកឆ្លងក្រោម១០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍។ ប្រឈមមុខនឹងស្ថានការណ៍ធូរស្រាលនេះ រដ្ឋាភិបាលថៃ ក៏បានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន និងសួនសាធារណៈរួមទាំងហាងលក់ស្រា បើកទ្វារឡើងវិញ នៅថ្ងៃអាទិត្យនេះផងដែរ។
គួរជម្រាបថា បូកបញ្ចូលចំនួនអ្នកឆ្លងថ្មីទាំង ៣ករណីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃកើនដល់ ២,៩៦៩នាក់ ក្នុងនោះស្លាប់៥៤នាក់ ចាប់តាំងពីជំងឺឆ្លង ដ៏កាចសាហាវនេះផ្ទុះឡើងនៅក្នុងប្រទេសកាលពីខែមករាមក៕