(ឡាប៉ាស)៖ យន្ដហោះខ្នាតតូចមួយគ្រឿងរបស់យោធា នៃប្រទេសបូលីវី បានធ្លាក់ ដោយផ្ដាច់ជីវិតពីឡុត ២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ទៅ ប្រទេសកំណើតវិញ កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
បើតាមអាជ្ញាធរបូលីវី យន្ដហោះខ្នាតតូចខាងលើ បានធ្លាក់នៅក្បែរទីក្រុង Trinidad ជាទីដែលអ្នកដំណើរទាំង៤នាក់ ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានទីក្រុង Santa Cruz ដើម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ អាជ្ញាធរបន្ថែមថា ខ្លួនបានបង្កើតគណៈកម្មាការស៊ើបអង្កេតពីគ្រោះថ្នាក់ធ្លាក់យន្ដហោះខា្នតតូចប្រភេទ Beechcraft Baron B-55 ខាងលើ និងត្រូវដាក់របាយការណ៍ស៊ើបអង្កេតក្នុងរយៈពេល៨ថ្ងៃ។
យ៉ាងណាក៏ដោយ បើតាមការស៊ើបអង្កេតបឋម យន្ដហោះ Beechcraft Baron B-55 ត្រូវបានគេរាយការណ៍មានបំណងត្រឡប់ទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុង Trinidad ១២នាទី ក្រោយហោះឡើងបានបន្តិច ដោយសារមានបញ្ហាគ្រឿងម៉ាស៊ីន និងក្រោយមកបានដាច់ការទាក់ទងតែម្ដង៕