(ការ៉ាកាស់)៖ ការវាយប្រយុទ្ធគា្នដ៏សាហាវមួយនៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅរដ្ឋភាគខាងលិចប្រទេសវេណេស៊ុយអេឡា បានបណ្ដាលឱ្យអ្នកទោស ច្រើនជាង៤០នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមអង្គការសង្គមស៊ីវិល ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
អំពើហិង្សាខាងលើ បានផ្ទុះឡើងនៅក្នុងពន្ធនាគារ ឡូស យ៉ាណូស (Los Llanos) ស្ថិតនៅក្បែរទីក្រុងហ្គ័រណារ៉េ (Guanare) នៃរដ្ឋព័រទុយហ្គេសា (Portuguesa) កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ មន្ត្រីគ្រប់គ្រងពន្ធនាគារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា មានឧប្បដិហេតុមួយកើតឡើងក្នុងពន្ធនាគារ ដោយមិនបានបញ្ជាក់ លម្អិតពីអ្នកស្លាប់នោះទេ។ ក៏ប៉ុន្តែ បើតាមអង្គការឃ្លាំមើលពន្ធនាគារ Venezuelan Prison Observatory អ្នកទោសយ៉ាងហោច៤៦នាក់ បានស្លាប់ និង៦០នាក់ទៀត រងរបួស ហើយពួកគេក៏បានទាមទារឱ្យមានការស៊ើបអង្កេត ជុំវិញករណីហិង្សាក្នុងពន្ធនាគារនេះផងដែរ។
គួរជម្រាបថា ប៉ុន្មានខែចុងក្រោយនេះ ភាពច្របូកច្របល់ក្នុងពន្ធនាគារនៅតាមបណ្ដាប្រទេសអាមេរិកឡាទីនមួយចំនួន បានកើតឡើងជាបន្តបន្ទាប់ ក្រោយអាជ្ញាធរនៃប្រទេស ទាំងនេះ បានដាក់ចេញនូវវិធានការរឹតត្បិតទប់ស្កាត់ COVID-19 ក្នុងនោះរួមមានទាំងការហាមឃាត់សាច់ញាតិអ្នកទោសមកសួរសុខទុក្ខ ដែលនេះបានបង្កឱ្យមាន ការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកទោស៕