(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកពិតជាសប្បាយចិត្ត ក៏ដូចជាស្វាគមន៍ ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈឡើងវិញ ដោយមានសុខភាពល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់លោកគីម បង្ហាញ មុខជាសាធារណៈលើកដំបូង ក្រោយបាត់មុខអស់ជាង២០ថ្ងៃ រហូតដល់បង្កឱ្យមានពាក្យចចាមអារ៉ាមថាមេដឹកនាំកូរ៉េខាងជើងរូបនេះមានបញ្ហាសុខភាព ធ្ងន់ធ្ងរ។ លោក ត្រាំ បានបញ្ជាក់នៅក្នុងសារដ៏ខ្លីខាងលើយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ដែលឃើញគាត់ត្រឡប់មកវិញ និងមានសុខភាពល្អ»។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង ហើយប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោក គីម ជុងអ៊ុន បង្ហាញខ្លួន។
រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកសម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន (Sunchon Phosphatic Fertilizer)។ កម្មវិធីទាំងមូលត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិ ខណៈមនុស្សម្នាទូទាំងពិភពលោកត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាក៕