(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប២៩២នាក់ទៀតត្រូវបានរកឃើញនៅក្នុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១០,៨៤៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ៣១នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ នៅអំឡុងពេលដូចគ្នា នាំឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៨៣១នាក់។ ដោយឡែកអ្នកជាសះស្បើយ ៧៤នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 កើនឡើងដល់ ១,៦៦៥នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ីមានករណីសង្ស័យចំពោះ COVID-19 ចំនួន ២២,៥៤៥ករណីទៀតដែលកំពុងស្ថិតនៅក្នុងការតាមដាន។ ឥណ្ឌូណេស៊ីជាប្រទេសមានករណីឆ្លងច្រើនបំផុតលំដាប់លេខ ២ នៅអាស៊ានបន្ទាប់ប្រទេសសិង្ហបុរី ប៉ុន្តែសម្រាប់ចំនួនករណីស្លាប់វិញ ឥណ្ឌូណេស៊ីឈរនៅលេខរៀងទី១៕