(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនៅរសៀលថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៤៤៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនដល់ ១៧,៥៤៨ករណី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួង ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋានមួយកន្លែង ក្នុងប្រទេសមួយនេះ។ ពោលមានតែ ០៤ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ចំណែកឯអ្នកស្លាប់ដោយសារ COVID-19 មាន ១៦នាក់ និងជាសះស្បើយវិញយ៉ាងតិចជាង ១,២០០នាក់។
ទោះជាយ៉ាងណា នៅថ្ងៃសៅរ៍នេះដែរក្រុមការងារអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសនេះ បានប្រកាសពីការបន្ធូរបន្ថយវិធានការរឹតត្បិត របស់ខ្លួនបន្តិចឡើងវិញ ដោយសេវាកម្ម និងអាជីវកម្មមួយចំនួននឹងត្រូវបានអនុញ្ញាត ឲ្យដំណើរការឡើងវិញ។ តួយ៉ាងដូចជា អាជីវកម្មលក់ម្ហូបអាហារតាមផ្ទះ និងហាងលក់រាយជាដើម នឹងអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ ខែឧសភាខាងមុខនេះទៅ៕
ទោះបីជាមានការប្រកាសបន្ធូរបន្ថយវិធានការបន្តិចវិញបែបក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកហ្គាន់ គីមយ៉ុង (Gan Kim Yong) នៅតែព្រមានថា «ប្រទេសសិង្ហបុរីមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់នៅឡើយទេ។ ចង្កោមថ្មីៗអាចនឹងកកើតឡើងម្តងទៀត ប្រសិនបើធ្វេសប្រហែស ដូច្នេះយើងត្រូវអត់ធ្មត់បន្តទៀត ដើម្បីអាចរក្សាតួលេខ នៃអ្នកឆ្លងថ្មីៗឲ្យនៅទាបបន្ថែមទៀត»៕