(ម៉ូស្គូ)៖ អស់រយៈពេលប្រមាណជា ២៤ឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អតីតសហភាពសូវៀត បានធ្វើការបុកខួងចូលយ៉ាងជ្រៅទៅក្នុងសំបកផែនដី។ អ្វីដែលបានបន្សល់ទុកពីកិច្ចប្រឹងប្រែងនោះគឺប្រហោងដីមួយហៅថា កូឡា (Kola Superdeep Borehole) ដែលស្ថិតនៅលើឧបទ្វីប Kola ក្នុងប្រទេសរុស្ស៉ី។
គម្រោងខាងលើបានចាប់ផ្តើមឡើង កាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដោយក្រុមអ្នកវិទ្យាសាស្រ្តរបស់អតីតសហភាពសូវៀត បានចាប់ផ្តើមការខួងប្រហោងមួយ ដែលមានអង្កត់ផ្ចិតត្រឹម ២២.៩សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានជម្រៅរហូតដល់ ១២.១គីឡូម៉ែត្រចូលទៅក្នុងស្រទាប់ផ្នែកខាងលើ (Crust) ឬុយើងហៅជាធម្មតាថា សំបកផែនដីដែលជាជម្រៅជ្រៅជាងចំណុចជ្រៅបំផុត នៃបាតសមុទ្រទៅទៀត។ ចំណុចដែលជ្រៅបំផុតក្រោមផ្ទៃសមុទ្រគឺ Challenger Deep ដែលស្ថិតនៅតំបន់អន្លង់ម៉ារីយ៉ាន (Marianas Trench) នៃមហាសមុទ្រប៉ាស៊ីហ្វិកជម្រៅ ១០.៩គីឡូម៉ែត្រស្ថិតនៅភាគខាងកើតហ្វីលីពីន។
យ៉ាងណាមិញ ដោយសារតែពួកវាបានខួងដល់ជម្រៅ ដែលមានសីតុណ្ហភាពខ្ពស់ខ្លាំងពេកគឺប្រមាណ ១៨០អង្សាសេ កិច្ចប្រឹងប្រែងនេះក៏ត្រូវបានបោះបង់ចោលនៅឆ្នាំ១៩៩៤ បើទោះបីជាពួកគេបានមានគោលបំណងដំបូង ចង់ខួងទៅឲ្យដល់ស្រទាប់រឹង (Mantle) របស់ភពផែនដី ដោយត្រូវខួងឲ្យដល់លើស ៣៥-៧០គីឡូម៉ែត្រទើបផុតស្រទាប់ Crust។
គួរជម្រាបថា ការព្យាយាមលើកដំបូងនៃការខួងចូលទៅឲ្យស្រទាប់ Mantle របស់ផែនដី បានកើតមានឡើងកាលពីឆ្នាំ១៩៥៨ ក្រោមគម្រោងឈ្មោះ ម៉ូហូល (Project Mohole) នៅក្បែរកោះ ហ្គាដាលូប៉េ (Guadalupe) របស់ម៉ិចស៊ីកូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមវិស្វករអាមេរិកខួងចូលក្រោមបាតសមុទ្របានជម្រៅត្រឹម ១៨៣ម៉ែត្រ ហើយក៏អស់ថវិកាផ្គត់ផ្គង់នៅឆ្នាំ១៩៦៦។
ការប៉ុនប៉ងទ្រង់ទ្រាយធំបន្ទាប់ទៀតគឺពីឆ្នាំ១៩៨៧-១៩៩៥ នៅពេលក្រុមអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ បានខួងចូលជម្រៅ ៩.២គីឡូម៉ែត្រនៅរដ្ឋ បាវ៉ារៀ (Bavaria) នៃប្រទេសអាល្លឺម៉ង់ ហើយប៉ះសីតុណ្ហភាព ៣១៦អង្សាសេ គឺក្តៅជាងប្រហោង Kola Superdeep របស់សហភាពសូវៀត បើទោះបីជាជម្រៅរាក់ជាងក៏ដោយ ហើយទីបំផុតក៏អស់ថវិកាផ្គត់ផ្គង់ដែរ។
បច្ចុប្បន្ននេះក៏កំពុងមានកិច្ចប្រឹងប្រែងខួងចូលទៅស្រទាប់ Mantle របស់ផែនដីដែរ ក្នុងទម្រង់ជាកិច្ចប្រឹងប្រែងអន្តរជាតិមានឈ្មោះហៅថា The Integrated Ocean Drilling Program ដែលផ្តោតទៅលើការខួងចូលក្រោមបាតសមុទ្រ ព្រោះស្រទាប់ Crust នៅទីនោះមានកម្រាស់ស្តើងៗ។ កម្មវិធីនេះបានចាប់ផ្តើមកាលពីឆ្នាំ២០០៣ និងកំពុងព្យាយាមខួងឲ្យដល់ស្រទាប់ Mantle ជាទីដែល សីតុណ្ហភាពអាចកើនដល់ ៨៧១អង្សាសេ។ កម្មវិធីនេះនឹងចំណាយពេលច្រើនឆ្នាំទៀត រួមជាមួយថវិការាប់ពាន់លានដុល្លារ៕
ប្រភព៖ Knowledge Stew (ដកស្រង់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០)