(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តរារាំងមិនឲ្យ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី (Anthony Fauci) ដែលជាមន្ត្រីជំនាញផ្នែកសុខាភិបាល ជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ចូលរួមផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការសភាអាមេរិក នាសប្តាហ៍ក្រោយនេះឡើយ ដោយបានលើកឡើងថា «ជារឿងគ្មានន័យ ឬគ្មានផលចំណេញ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក ជូដដ៍ ឌា (Judd Deere) លេខាធិការរង និងជាអ្នកនាំពាក្យសេតវិមានបាននិយាយថា «ខណដែលរដ្ឋបាលលោក ត្រាំ ទាំងមូលនៅតែបន្តឆ្លើយតបនឹងជំងឺ COVID-19 បានយ៉ាងមានប្រសិទ្ធភាព រាប់បញ្ចូលទាំងការពន្លឿនកាផលិតថ្នាំវ៉ាក់សាំង ប្រឆាំងនឹងជំងឺនេះផងដែរនោះ វាគ្មានផលចំណេញអ្វីឡើយ ដែលមានបុគ្គលម្នាក់ដែលមានចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងនេះដែរ តែបានបង្ហាញខ្លួនក្នុងសវនាការសភាបែបនេះ»។ តែទោះជាយ៉ាងណា លោក Judd បានសង្កត់ធ្ងន់ថា «យើងប្តេជ្ញាថានឹងធ្វើការជាមួយសភាដើម្បីផ្តល់សក្ខីកម្ម នៅពេលវេលាសមស្របណាមួយផ្សេងទៀត»។
គួរជម្រាបថា លោក Fauci ដែលជានាយកវិទ្យាស្ថានជាតិអាឡែកហ្ស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ត្រូវបានអនុគណៈកម្មាធិការសភាអាមេរិក អញ្ជើញឲ្យចូលរួមធ្វើសក្ខីកម្ម ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួន ជុំវិញការឆ្លើយតបរបស់រដ្ឋបាលលោក ត្រាំ ចំពោះជំងឺរាតត្បាតសកល COVID-19 នាសប្តាហ៍ក្រោយនេះ។
មន្ត្រីជំនាញផ្នែកជំងឺឆ្លងវ័យ ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នូវភាពចាំបាច់ក្នុងការចាត់វិធានការដ៏តឹងរ៉ឹង រួមទាំងការពង្រីកគោលការណ៍ណែនាំសង្គម របស់រដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 តាំងពីដើមទីមកម្ល៉េះ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលនោះបានព្យាយាមមើលស្រាលស្ថានការណ៍៕