(វ៉ាស៊ីនតោន)៖ កន្លងទៅថ្មីៗក្នុងសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីការជ្រើសរើសក្រុមហ៊ុនអវកាសអាមេរិកចំនួន ០៣ ដើម្បីរចនាព្រមទាំងអភិវឌ្ឍប្រព័ន្ធយានអវកាស សម្រាប់នាំក្រុមអវកាសយានិក NASA ចុះទៅកាន់ផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០២៤ នៅក្រោម កម្មវិធី Artemis។ នេះបើតាមការដកស្រង់សេចក្តីប្រកាសនៅលើវែបសាយរបស់អង្គការ NASA ផ្ទាល់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
ក្រុមហ៊ុនទាំង០៣នោះ រួមមាន Blue Origin ដែលមានមូលដ្ឋាននៅរដ្ឋវ៉ាស៊ីនតោន។ យានចុះចតរបស់ក្រុមហ៊ុន Blue Origin ហៅកាត់ថា ILV (Integrated Lander Vehicle) ជាយានមានបីដំណាក់រួមបញ្ចូលគ្នា ហើយវានឹងត្រូវបាញ់បង្ហោះដោយប្រើប្រាស់រ៉ុក្កែត New Glenn របស់ក្រុមហ៊ុនផ្ទាល់ និងរ៉ុក្កែត Vulcan របស់ក្រុមហ៊ុន United Launch Alliance (ULA)។
ក្រុមហ៊ុនទីពីរគឺ Dynetics ដែលមានមូលដ្ឋាននៅរដ្ឋ Alabama។ Dynetics អភិវឌ្ឍប្រព័ន្ធយានតែមួយ ហៅថា DHLS (Dynetics Human Landing System) ដែលមានសមត្ថភាពហោះឡើងនិងចុះចតបាន។ វានឹងត្រូវបាញ់បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត Vulcan របស់ ULA។ រីឯ ក្រុមហ៊ុនចុងក្រោយគឺ SpaceX មានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា ដែលកំពុងអភិវឌ្ឍយាន Starship ដែលនឹងត្រូវបាញ់បង្ហោះដោយប្រើរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន នេះផ្ទាល់។
គួរជម្រាបថា កម្មវិធី Artemis របស់ NASA មានគោលដៅចម្បងនាំយកអវកាសយានិកអាមេរិក ឲ្យទៅដល់លើផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតក្នុង ពេល០៤ឆ្នាំខាងមុខ ហើយវាក៏នឹងអាចជួយលាតត្រដាងនូវចំណេះដឹងថ្មីៗអំពីព្រះច័ន្ទ ភពផែនដី និងដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យទាំង មូលផងដែរ។ បើតាមការបញ្ជាក់របស់ NASA ប្រព័ន្ធយានសម្រាប់នាំមនុស្សចុះចត គឺជាផ្នែកដ៏សំខាន់នៃផែនការស្រាវជ្រាវរុករកទីអវកាស ឆ្ងាយៗរបស់ NASA រួមជាមួយគ្រាប់រ៉ុក្កែត Space Launch System, យានធ្វើដំណើរ Orion, និងស្ថានីយច្រកផ្លូវ Gateway៕