(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានាព្រឹកថ្ងៃសុក្រនេះ បានប្រកាសថា អ្នកជំងឺ COVID-19 ចំនួន៦៦នាក់ទៀត ទើបតែបានស្លាប់នៅក្នុងប្រទេសខ្លួន ហើយអ្នកឆ្លងថ្មីចំនួន១,៩៧១នាក់ត្រូវបានរកឃើញ ដោយរាប់ចាប់ពីល្ងាចថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
ប្រការនេះធ្វើឲ្យអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតនៅឥណ្ឌា កើនដល់១,២១៨នាក់ និងឆ្លងដល់៣៧,៣៣៦នាក់។ តាមសេចក្តីប្រកាសដដែលរបស់ក្រសួងសុខាភិបាលឥណ្ឌា មកទល់ពេលនេះ មនុស្សសរុប៩,៩៥១នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលការព្យាបាលជាសះស្បើយពីជំងឺ COVID-19។
គួរជម្រាបថា ថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី៣៩ហើយនៃវិធានការបិទប្រទេសនៅទូទាំងឥណ្ឌា ដែលត្រូវបានដាក់ចេញដើម្បីទប់ទល់ការរាតត្បាតនៃ COVID-19។ វិធានការបិទប្រទេសនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌាប្រកាសកាលពីថ្ងៃទី២៥ ខែមីនា ហើយកាលពីយប់ថ្ងៃសុក្រម្សិលមិញ ត្រូវបានសម្រេចពន្យារពេលជាថ្មីម្តងទៀតឲ្យដល់ថ្ងៃទី១៧ ខែឧសភា ខណៈកន្លងមកវាត្រូវផុតនៅថ្ងៃទី០៣ ខែឧសភា។
នៅក្រោមវិធានការបិទប្រទេសនេះ ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវដែក ផ្លូវរថភ្លើងក្រោមដី ព្រមទាំងការធ្វើដំណើរឆ្លងរដ្ឋតាមផ្លូវគោក នឹងនៅតែមិនអនុញ្ញាតដដែល។ រីឯសាលារៀន សណ្ឋាគារ ភោជនីយដ្ឋាន រោងភាពយន្ត ផ្សារទំនើប ក្លឹបហាត់ប្រាណ និងកីឡដ្ឋាន នឹងនៅតែត្រូវបន្តបិទទ្វារ ខណៈការជួបជុំប្រមូលផ្តុំគ្នានៅតែស្ថិតក្រោមការហាមឃាត់។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា នឹងផ្តល់ការបន្ធូរបន្ថយភាពរឹតត្បិត នៅតាមតំបន់មួយចំនួន ដែលពុំមានករណីឆ្លងថ្មីៗ៕