(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់សាជាថ្មីម្តងទៀតថា វីរុសកូរ៉ូណាដែលបង្កជាជំងឺផ្លូវដង្ហើមថ្មី COVID-19 គឺ «មានប្រភពដើមពីធម្មជាតិ» មិនមែនជាស្នាដៃមនុស្សបង្កើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។
លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ដែលជានាយកប្រតិបត្តិ កម្មវិធីសុខភាពបន្ទាន់របស់អង្គការ WHO បានធ្វើការគូសបញ្ជាក់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវកាលពីម្សិលមិញនេះ។ នាឱកាសនោះ លោកបានលើកឡើងថា ក្រុមអ្នកវីទ្យាសាស្ត្រដែលកំពុងសិក្សា និងពិនិត្យមើលលំដាប់ថ្នាក់ហ្សែនរបស់វីរុសនេះ បានធានាម្តងហើយម្តងទៀតថា «វីរុសនេះគឺមានប្រភពដើម ចេញពីធម្មជាតិសុទ្ធសាត»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺជាការស្វែងរកប្រភពដើមនៃធម្មជាតិនោះថា តើជាអ្វីឲ្យពិតប្រាកដ ហើយតើវីរុសនេះ វាអាចឆ្លងទៅមនុស្សដោយរបៀបណា។ ជុំវិញរឿងនេះ លោក Ryan បានលើកឡើងថា «គោលបំណងនៃការយល់ដឹងទាំងនេះ គឺដើម្បីអាចឲ្យយើងដាក់ចេញនូវវិធានការចាំបាច់ណាមួយ ក្នុងការទប់ស្កាត់កុំឲ្យវាកើតឡើងសារជាថ្មីម្តងទៀត»។
គួរជម្រាបថា កាលពីខែមុន អង្គការសុខភាពពិភពលោក ក៏ធ្លាប់បានបញ្ជាក់រួចម្តងហើយថា រាល់ភ័ស្តុតាងដែលបានរកឃើញ គឺសុទ្ធតែបានបញ្ជាក់ថាវីរុសកូរ៉ូណាថ្មីនេះ មានដើមកំណើតចេញពីសត្វ ពោលគឺមិនមែនជាវីរុសដែលត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ ឬកន្លែងណាផ្សេងនោះទេ៕