Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអាមេរិកព្រមាន៖ «ជំងឺ COVID-19 អាចនឹងបន្តរាតត្បាត ១៨ខែទៅ២ឆ្នាំខាងមុខទៀត ឬរហូតទាល់តែមានវ៉ាក់សាំង និងថ្នាំព្យាបាល» (Video inside)

01-05-2020 17:49

(វ៉ាស៊ីនតោន)៖ អ្នកជំនាញអាមេរិក បានព្យាករណ៍ថា COVID-19 អាចនឹងនៅតែបន្តឆ្លងរាតត្បាតយ៉ាងហោចពី ១៨ខែ រហូតដល់ពី ០២ឆ្នាំទៅមុខទៀត ឬអាចនិយាយបានថា ទាល់តែមានវ៉ាក់សាំង និងថ្នាំព្យាបាល ទើបអាចបង្រ្កាបជំងឺដ៏កាចសាហាវនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ៃក៍ អូស្ទើហូម (Mike Osterholm) ជានាយកមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងបង្កើតគោលនយោបាយទប់ទល់ជំងឺឆ្លង (CIDRAP) នៃសាកលវិទ្យាល័យមីនណេសូតា (University of Minnesota) បានការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

លោក Osterholm បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែ COVID-19 ជាជំងឺប្រភេទថ្មី ដូច្នេះគ្មាននរណាម្នាក់មានប្រព័ន្ធភាពសុំា ដែលអាចប្រឆាំង នឹងវាបាននោះទេ។ ជំងឺនេះអាចនឹងបន្តឆ្លងរាតត្បាតក្នុងរយៈពេល ១៨ខែដល់ ២៤ខែទៅមុខទៀត ឬរហូតដល់វាចម្លងដល់មនុស្សពី ៦០ ទៅ ៧០ភាគរយ»។ លើសពីនេះទៅទៀត លោកក៏បានព្រមានផងដែរពីរលកទី ២ នៃការឆ្លងរាតត្បាត COVID-19 ដែលអាចនឹងមកដល់នៅរដូវស្លឹកឈើជ្រុះ និងរដូវត្រជាក់នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 សរុប ១,០៩៥,៣០៤នាក់ ក្នុងនោះស្លាប់ ៦៣,៨៧១នាក់ ដែលជាចំនួនអ្នកស្លាប់ច្រើនជាងកងទ័ពអាមេរិក ពលីជីវិតក្នុងសង្រ្គាមវៀតណាមទៅទៀត ខណៈជាសះស្បើយឡើងវិញមានចំនួន ១៥៥,៧៣៧នាក់៕